ផលិតផលឥណទាន

ធ.អ.ជ ផ្តល់ឥណទានរយៈពេលខ្លីតិចជាង១ឆ្នាំ និងរយៈពេលវែងច្រើនជាង១ឆ្នាំ ។ ប្រភេទផលិតផលឥណទានរួមមាន ឥណទានមានកាលកំណត់ កំរិតពិដានឥណទាន ឥណទានបោះបន្ត ឥណទានទ្រទ្រង់ស្ថាប័ន និង ឥណទានវិបារូបណ៍ ។ ផលិតផល ទាំងនេះសមស្របទៅនឹងតម្រូវការពេលវេលាក្នុងការផលិត ការកែច្នៃ និង ការវិនិយោគជាដើម។

តើអត្រាការប្រាក់មានអ្វីខ្លះ?

ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនាមជាធានាគារបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបាន និងកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស គាំទ្រជាទុនបង្វិល និងជាទុនបង្វិល ដោយរាជរដ្ឋាភិបាលកំណត់ឱ្យធនាគារអភិវឌ្ឍន៍ជនបទយកអត្រាការប្រាក់សមរម្យពីអតិថិជន។ ចំពោះមូលនិធិដែលទទួលបានពីជំនួយ ឬមូលនិធិទទួលបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អត្រាការប្រាក់ គឺត្រូវបានកំណត់ដោយយោងទៅតាមពេលវេលា និងលក្ខខណ្ឌតាមការព្រមព្រៀងរវាង ម្ចាស់ជំនួយ ឬម្ចាស់កម្ចី ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ឬជាមួយរាជរដ្ឋាភិបាលកម្ពុជា។

១. ឥណទានមានកាលកំណត់

ផលិតផលនេះសមស្របសម្រាប់ស្ថាប័ននិងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុដើម្បីផ្តល់ឥណទានបន្តដល់អតិថិជនចុងក្រោយ ដែលប្រកបមុខរបរស្របច្បាប់គ្រប់ប្រភេទ និងត្រូវសងរំលោះទាំងប្រាក់ដើមនិងការប្រាក់ ត្រឡប់មក ធ.អ.ជ វិញដែលមានរយៈពេលវែង ហើយក៏អាចប្រើប្រាស់ជាបំណុលបំពេញដើមទុន (Subordinated Debt)ដែលជាផ្នែកមួយនៃដើមទុន(Capital TierII) សរុបរបស់ស្ថាប័ន ។ ដោយឡែកចំពោះក្រុមហ៊ុនអាជីវកម្មលើវិស័យកសិកម្មវិញគឺអាចប្រើប្រាស់សម្រាប់ការវិនិយោគរយៈមធ្យមនិងវែង លើការសាងសង់ថ្មី ពង្រីក បន្ថែមគ្រឿងយន្ត ការសាងសង់លានហាល ឃ្លាំងស្តុក អាគារ រោងចក្រ គ្រឿងសម្ភារៈបរិក្ខាបំពាក់ យានយន្ត មធ្យោបាយដឹកជញ្ជូន ម៉ាស៊ីនកៃច្នៃ ឡសម្ងួត ម៉ាស៊ីនភ្លើង ការតភ្ជាប់បណ្តាញអគ្គីសនីជាដើម ។ល។

២. កំរិតពិដានឥណទាន

ផលិតផលនេះសមស្របសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីផ្តល់ឥណទានបន្តដល់អតិថិជនចុងក្រោយ និងត្រូវសងប្រាក់ដើមទាំងអស់ត្រឡប់មកធ.អ.ជវិញនៅចុងវគ្គក្នុងរយៈពេល១ឆ្នាំ និងអាចដកយក ទៅប្រើ ប្រាស់ម្តងទៀតនាឆ្នាំបន្តបន្ទាប់រហូតដល់ចប់កិច្ចសន្យា។ ចំណែកការប្រាក់អាចសងប្រចាំខែ ឫត្រីមាសតាម តម្រូវការ ។ ដោយឡែកចំពោះ ក្រុមហ៊ុនអាជីវកម្មលើវិស័យកសិកម្មវិញគឺប្រើប្រាស់សម្រាប់ជាទុនបង្វិលរយៈពេលខ្លី ដើម្បីប្រមូលទិញកសិផលស្តុក ការចំណាយផ្ទៃក្នុងក្រុមហ៊ុន ការចិញ្ចឹមសត្វ ការដាំដំណាំរយៈកាលខ្លី ជាដើម ។ល។

៣. ឥណទានបោះបន្ត

ជាប្រភេទផលិតផលរយៈពេលមធ្យមនិងវែង សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ក្នុងគោលបំណងផ្តល់ឥណទានបន្តដល់ប្រតិបតិ្តករមីក្រូហិរញ្ញវត្ថុតូចៗ ដែលពុំមានលទ្ធភាពខ្ចីផ្ទាល់ពី ធ.អ.ជ ។ ចំពោះការសង ត្រឡប់មកវិញ គឺផ្អែកលើលទ្ធភាពសងបំណុលដែលរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

៤. ឥណទានទ្រទ្រង់ស្ថាប័ន

ជាប្រភេទផលិតផលរយៈពេលមធ្យមនិងវែង សម្រាប់តែស្ថាប័នមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះក្នុងគោលបំណងអភិវឌ្ឍស្ថាប័នដូចជាការបើកសាខាដោយបំពាក់សំភារៈផ្សេងៗ ទិញមធ្យោបាយដឹកជញ្ជូន ការបើកប្រាក់ខែដល់បុគ្គលិកយ៉ាងយូររយៈពេល២ឆ្នាំ និងលើកកំពស់សមត្ថភាពបុគ្គលិករបស់ស្ថាប័ន  ។

៥. ឥណទានវិបារូបណ៍

ជាប្រភេទផលិតផលរយៈពេលខ្លី សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និង ក្រុមហ៊ុនអាជីវកម្មលើវិស័យកសិកម្ម ប្រើប្រាស់ក្នុងគ្រាដែលជួបបញ្ហាកង្វះខាតលំហូរសាច់ប្រាក់ ។

៦. ឥណទានរយះពេលវែង

ជាប្រភេទផលិតផលរយៈពេលវែង សម្រាប់ឧស្សាហកសិកម្ម និង ផលិតកម្មក្នុងអាណត្តិរយៈពេលវែង។