Home > អំពីធនាគារ > ចង្ខុវិស័យ និងបេសកកម្ម

ចង្ខុវិស័យ និងបេសកកម្ម

ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ និងត្រូវបាននិរាករណ៍ដោយអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ ស្តីពីធនាគារអភិវឌ្ឍន៍ជនបទក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតម្រូវការនិងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតំបន់ជនបទដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ ធ.អ.ជ ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋដែលមានឧបនិស្ស័យជាគ្រឹះស្ថានធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំនិងគ្រប់គ្រងសកម្មភាពរបស់ខ្លួន ។

ធ.អ.ជ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ។

ចក្ខុវិស័យ

ចក្ខុវិស័យ នៃ ធ.អ.ជ គឺការប្រែក្លាយទៅជាធនាគាររឹងមាំ និងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ដែលពិតជាអាចចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ក្នុងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារគ្រប់បែបយ៉ាងដល់គ្រប់តួអង្គ នៃខ្សែសង្វាក់តម្លៃកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ទន្ទឹមនេះ ធ.អ.ជ សង្ឃឹមថានៅថ្ងៃអនាគត វិស័យកសិកម្មលែងជួបប្រទះនឹងការលំបាកក្នុងការទទួលហិរញ្ញប្បទានទៀតឡើយ។

បេសកកម្ម

ធ.អ.ជ មានបេសកកម្មជំរុញហិរញ្ញប្បទានដល់គ្រប់ដំណាក់កាល នៃខ្សែសង្វាក់តម្លៃក្នុងវិស័យកសិកម្ម ជាពិសេសក្នុងករណីប្រតិបត្តិករពុំសូវមានលទ្ធភាពទទួលហិរញ្ញប្បទាន ប៉ុន្តែមានឆន្ទៈធ្វើកសិកម្ម មានសក្ដានុពលចំណេញ និងអាចចូលរួមធ្វើឲ្យខ្សែសង្វាក់តម្លៃទាំងមូលមានភាពរឹងមាំ។ ធ.អ.ជ អាចជំរុញហិរញ្ញប្បទានតាមបណ្ដោយខ្សែសង្វាក់តម្លៃក្នុងរូបភាពដូចតទៅ៖

  • ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដែលមានសកម្មភាពទ្រទ្រង់សេដ្ឋកិច្ចជនបទ។
  • ផ្តល់ឥណទានដល់ក្រុមហ៊ុន អង្គការកសិករ ឬសហគមន៍កសិកម្មដែលជានីតិបុគ្គល ដែលសិ្ថតនៅក្នុងខ្សែសង្វាក់តម្លៃពាក់ព័ន្ធនឹងវិស័យកសិកម្ម រួមមានជាអាទិ៍ ការផលិត ការស្តុកទុក ការកែច្នៃ ការចែកចាយ និងការនាំចេញនូវផលិតផលកសិកម្ម ជាពិសេសអង្ករ។
  • សហការនិង/ឬធ្វើសហជីវការ (Syndicate) ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទានដើម្បីអនុវត្តគម្រោងក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងសេដ្ឋកិច្ចជនបទ ។
  • អនុវត្តគម្រោងឥណទានឬគ្រប់គ្រងមូលនិធិផ្សេងទៀតរបស់រាជរដ្ឋាភិបាលឬក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
  • ចរចាជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីទាក់ទាញហិរញ្ញប្បទានឥតសំណងនិងឥណទានសម្បទានសម្រាប់ពង្រីកសកម្មភាពរបស់ ធ.អ.ជ